Cambodian Midwives Council banner
Cambodian Midwives Council logo

គណៈឆ្មបកម្ពុជា

Cambodian Midwives Council

ទំព័រដើម សេចក្តីជូនដំណឹង សិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់គណៈឆ្មបកម្ពុជា
សិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់គណៈឆ្មបកម្ពុជា
ចូលអាន 47ដង

សិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់គណៈឆ្មបកម្ពុជា

សិក្ខាសាលា ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់គណៈឆ្មបកម្ពុជា

__________

ខេត្តក្រចេះ៖ នាថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សិក្ខាសាលាស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៦ របស់គណៈឆ្មបកម្ពុជា នៅសណ្ឋាគារហ៊រ ប៊ុន្នី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ខាំ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តក្រចេះ លោកជំទាវវេជ្ជបណ្ឌិត គ្រួច រ៉ាយ៉ូណែត ទីប្រឹក្សាក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ និងក្រុមប្រឹក្សាគណៈឆ្មបថ្នាក់ជាតិ ថ្នាក់កណ្តាល រាជធានី-ខេត្តទាំង២៥ សរុប ១២០ រូប។

សូមជម្រាបផងដែរថា នេះជាលើកទី១៦ ហើយដែលគណៈឆ្មបកម្ពុជា បានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ពិនិត្យនូវវឌ្ឍនភាព វាយតម្លៃលទ្ធផលការងារ បញ្ហាប្រឈម និងកំណត់ទិសដៅអនុវត្តការងារសម្រាប់ឆ្នាំបន្ត ឱ្យកាន់តែមានប្រសិទ្ធិភាព។

នាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា គណៈឆ្មបកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយបានកំណត់សុខភាពជាអាទិភាពគន្លឹះមួយ នៃការអភិវឌ្ឍមូលធនមនុស្ស និងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។

លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមផងដែរថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកផ្តល់សេវាសុខភាពសាធារណៈឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះឆ្មបត្រូវតែពង្រឹងសមត្ថភាពវិជ្ជាជីវៈឆ្មប និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈឆ្មប ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយអាទិភាពសុខភាព ព្រមទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈឆ្មបឱ្យកាន់តែរីកចម្រើនថែមទៀត៖

១) បន្តការរៀបចំ និងផ្សព្វផ្សាយច្បាប់ស្តីពី "ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល" ឲ្យបានរៀងរាល់ឆ្នាំ។ ដោយអ្នកប្រកបវិជ្ជាជីវៈឆ្មបទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈ និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈដែលមានសុពលភាព។

២. បញ្ជូនរបាយការណ៍ប្រចាំឆ្នាំ ពីទិន្នន័យអ្នកប្រកបវិជ្ជាជីវៈឆ្មប នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដល់ប្រធានមន្ទីរសុខាភិបាលទាំងអស់ ដើម្បីជាការផ្តល់ព័ត៌មាន ការគាំទ្រ និងអាចមានអន្តរាគមន៍បន្ថែមមុននឹងមានការប្រឈមនឹងបាតុភាពវិជ្ជាជីវៈកើតឡើង។

៣) ពង្រឹងការអនុវត្តក្រមសីលធម៌ឆ្មប ដើម្បីលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ ភាពសុចរិត ប្រសិទ្ធិភាព វិន័យការងារ និងទំនុកចិត្តពីសាធារជន ដែលជាកិត្តិយសក្នុងវិជ្ជាជីវៈឆ្មប។ សមត្ថភាពវិជ្ជាជីវៈតែ១ មិនគ្រប់គ្រាន់ទេ នៅពេលដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈ។

៤) អភិវឌ្ឍន៍វិជ្ជាជីវៈបន្ត គឺ"ការសិក្សាពេញមួយជីវិត ពិសេសវិជ្ជាជីវៈសុខាភិបាល" តាមរបកគំហើញ បច្ចេកវិទ្យាថ្មីៗ ដែលអាចបង្កើនចំណេះដឹង ជំនាញ សមត្ថភាព និងអនុលោមតាមលក្ខខណ្ឌតម្រូវរបស់គណៈវិជ្ជាជីវៈក្នុងការបន្តអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈរៀងរាល់៣ឆ្នាំម្តង។

៥. សូមជំរុញ និងលើកទឹកចិត្តស្ថាប័ន ឬអង្គភាពរៀបចំវគ្គបណ្តុះបណ្តាលឱ្យបានទៀងទាត់ ដើម្បីឆ្មបមានឱកាសទទួលបានការចូលរួម និងបណ្តុះបណ្តាលបន្ត។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ បានប្រគល់ជូននូវកុំព្យូទ័រ ចំនួន១៤គ្រឿង ដល់ការិយាល័យក្រុមប្រឹក្សាគណៈឆ្មបខេត្ត រួមមាន៖ កំពង់ស្ពឺ តាកែវ កំពង់ធំ កំពត ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ឧត្តរមានជ័យ ក្រចេះ ប៉ៃលិន ស្ទឹងត្រែង កែប មណ្ឌលគិរី និងកោះកុង ដោយក្នុងមួយខេត្តទទួលបាន១គ្រឿង ក្រោមថវិការបស់គណៈឆ្មបកម្ពុជា សម្រាប់បម្រើដល់កិច្ចការងារគណៈ។