សំនួរជាញឹកញាប់អំពីគណៈឆ្មបកម្ពុជាៈ
ការចុះបញ្ជីឆ្មបគឺមានសារៈសំខាន់ក្នុងការការពារសាធារណៈជនដើម្បីធានាថាឆ្មបដែលអនុវត្តការងារមានគុណវុឌ្ឍិគ្រប់គ្រាន់ មានសុខភាពល្អ អាកប្បកិរិយា និង សីលធម៌ល្អ។
សំនួរដែលត្រូវបានគេសួរជាញឹកញាប់អំពីការចុះបញ្ជីដូចខាងក្រោមៈ
ហេតុអ្វីឆ្មបចាំបាច់ត្រូវតែចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា?
មាត្រាទី១នៃ ព្រះរាជក្រឹត្យលេខនស/រកត/០៩០៦/៣៨៩ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៦ ឆ្មបទាំងអស់ដែលប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ត្រូវសុំចុះឈ្មោះនៅក្នុងបញ្ជីគណៈឆ្មប។
តើអ្វីទៅជាអត្ថប្រយោជន៍នៃការចុះបញ្ជីជាមួយគ.ឆ.ក?
បន្ទាប់ពីបានចុះបញ្ជីជាមួយគ.ឆ.ក ឆ្មបនឹងក្លាយជា ”ឆ្មបវិជ្ជាជីវៈស្របច្បាប់” និងបញ្ជាក់ជូនសាធារណជនថាខ្លួនបានបំពេញតាមបទដ្ឋានដែលកំណត់ដោយគ.ឆ.ក។
តើការចុះបញ្ជីត្រូវមានលក្ខខណ្ឌអ្វីខ្លះ?
លក្ខខណ្ឌមានៈ
១. បំពេញពាក្យសុំចូលជាសមាជិក បើកមើល ទាញយក បើកមើល ទាញយក
២. មានសញ្ញាប័ត្រឆ្មប(បឋម មធ្យម ឬបរិញ្ញាប័ត្រ)
៣. មានសុខភាពល្អ(ផ្លូវកាយ និងចិត្ត)
៤.បង់ថវិកាចំនួន២០,០០០រៀលសម្រាប់ការចុះបញ្ជីនិង២០,០០០រៀលសម្រាប់វិភាគទានរៀងរាល់ ប្រចាំឆ្នាំ។
ហេតុអ្វីឆ្មបត្រូវបង់ថវិកា២០,០០០រៀលសម្រាប់ការចុះបញ្ជី និងបង់ប្រចាំឆ្នាំចំនួន២០,០០០រៀលដល់គ.ឆ.ក?
គ.ឆ.កគឺជាអង្គការស្វយ័តដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ការទទួលខុសត្រូវលើការឃ្លាំមើលការប្រព្រឹត្តទៅតាមក្រមសីលធម៌ និងបទដ្ឋានឆ្មបផ្សេងៗ។ មានន័យថាគ.ឆ.កត្រូវរ៉ាប់រងលើការចំណាយលើការងារគ្រប់គ្រងឆ្មបរបស់ខ្លួន។ដូច្នេះសមាជិកគ.ឆ.កទាំងអស់ត្រូវបង់ថវិកាវិភាគទានតាមការកំណត់ដូចមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក.ឆ.ជ ដោយយោងតាមមាត្រា៣៦នៃព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា។
តើការចុះបញ្ជីមានសុពលភាពប៉ុន្មានឆ្នាំ?
សម្រាប់ឆ្មបកម្ពុជា ការចុះបញ្ជីមានសុពលភាព៣ឆ្នាំ និងតម្រូវឲ្យចុះបញ្ជីឡើងវិញបន្ទាប់ពីចប់សុពលភាព។
តើឆ្មបដែលចូលនិវត្តន៍ត្រូវបន្តចុះបញ្ជីជាមួយគ.ឆ.កដែរឬទេ?
ទេ ប្រសិនបើឆ្មបមិនមានបំណងប្រកបវិជ្ជាជីវៈឆ្មប។
តើឆ្មបអាចចុះបញ្ជីជាមួយគ.ឆ.កនៅកន្លែងណា?
ឆ្មបត្រូវចុះបញ្ជីជាមួយក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តដែលខ្លួនកំពុងបំរើការងារ។
តើឆ្មបត្រូវធ្វើដូចម្តេចនៅពេលខ្លួនផ្លាស់ប្តូរទីកន្លែងប្រកបវិជ្ជាជីវៈ?
ឆ្មបត្រូវចុះបញ្ជីជាមួយក.ឆ.ខថ្មីដែលខ្លួនត្រូវទៅ និងជូនដំណឹងដល់ក.ឆ.ខចាស់អំពីការផ្លាស់ទីតាំងរបស់ខ្លួន។