ការចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា

គណៈឆ្មបកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យឆ្មបដែលកំពុងអនុវត្តន៍ការងារក្នុងផ្នែកថែទាំមាតា-ទារកដែលប្រហែល ជាមិនទាន់គុណវុឌ្ឍិគ្រប់គ្រាប់ ទៅតាមក្របខណ្ឌសមត្ថភាពស្នូល សម្រាប់វិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា ទទួលបានការគាំទ្រ និងជំរុញឲ្យពួកគេអនុវត្តន៍ការងារបានតាមស្តង់ដា របស់ គណៈឆ្មបកម្ពុជា។ 

ឆ្មបទាំងអស់ចាំបាច់ត្រូវចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា ហើយចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៥ តទៅ ឆ្មបដែលចង់ចុះបញ្ជីត្រូវជាឆ្មបដែលសញ្ញាបត្រឆ្មបចេញដោយ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬសញ្ញាបត្រឆ្មបចេញដោយគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំដោយ គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា និងប្រលងជាប់ការប្រលងចេញថ្នាក់ជាតិ។

គណៈឆ្មបកម្ពុជាបានរៀបចំនិតិវិធីសម្រាប់ការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់ឆ្មបកំពុងបំរើការងារដែលមានគុណវុឌ្ឍិ និងលក្ខខណ្ឌផេ្សងៗគ្នា។
១.១. បញ្ជីប្រភេទទី១. ឆ្មបកំពុងអនុវត្តន៍វិជ្ជាជីវៈឆ្មប
ប្រភេទទី១- ផែ្នកទី១.  ឆ្មបទូទៅ
ប្រភេទទី១- ផ្នែកទី២. ឆ្មបអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧
ប្រភេទទី១- ផ្នែកទី៣. ឆ្មបអនុវត្តន៍សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈឆ្មបលើស៣ឆ្នាំ
ប្រភេទទី១- ផ្នែកទី៤. ឆ្មបអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈលើស៣ឆ្នាំ

១.២. បញ្ជីប្រភេទទី២. ឆ្មបមិនអនុវត្តវិជ្ជាជីវៈឆ្មប
ប្រភេទទី២- ផ្នែកទី១. ឆ្មបមានជំនាញគ្លីនិក
ប្រភេទទី២- ផ្នែកទី២. ឆ្មបមិនមានជំនាញគ្លីនិក

១.៣. បញ្ជីប្រភេទទី៣. ឆ្មបបរទេស
ប្រភេទទី៣- ផ្នែកទី១. ឆ្មបបរទេសប្រកបវិជ្ជាជីវៈឆ្មប
ប្រភេទទី៣- ផ្នែកទី២. ឆ្មបបរទេសមានជំនាញគ្លីនិក
ប្រភេទទី៣- ផ្នែកទី៣. ឆ្មបបរទេសដែលមានបេសកកម្មមនុស្សធម៌

និតិវិធីស្តីពីការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីឆ្មប អាចទទួលបានដោយចុច បើកមើល-ទាញយក

លេខទូរស័ព្ទទំនាក់ទំនងក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តសម្រាប់ការចុះបញ្ជីអាចទទួលបានដោយចុចលើ “ព័ត៌មានសំខាន់” របស់គេហរទំព័រនេះ។ ការចុះបញ្ជីដោយ ប្រើប្រាស់ទម្រង់ថ្មីនៃពាក្យសុំចូលសមាជិកនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៤។

ការចុះបញ្ជីឡើងវិញ

គណៈឆ្មបកម្ពុជាបានរៀបចំស្តង់ដាស្តីពីការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្មបជនជាតិខ្មែរត្រូវតែ ចុះបញ្ជីឡើងវិញរៀងរាល់៣ឆ្នាំ។ ឆ្មបរទេសត្រូវចុះបញ្ជីឡើងវិញរៀងរាល់១ឆ្នាំម្តង។

ការចុះបញ្ជីឡើងវិញមានសារៈសំខាន់ក្នុងការការពារសាធារណៈជនដោយធានាថាឆ្មបដែលបានចុះបញ្ជីជាមួយគណៈឆ្មបបំពេញតាមស្តង់ដានៃការចុះបញ្ជីឡើងវិញ និង លក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តគឺជាមធ្យោបាយក្នុងការរក្សា កែលំអ និង ពង្រីកចំណេះដឹង សមត្ថភាព និង ជំនាញរបស់ឆ្មប ព្រមទាំងអភិវឌ្ឍន៍នូវគុណភាពនៃវិជ្ជាជីវៈរបស់ខ្លួន។ ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តត្រូវអនុវត្តន៍ភ្លាមបន្ទាប់ការបញ្ចប់ការបណ្តុះបណ្តាលមូលដ្ឋាន រួមទាំងការត្រួតពិនិត្យឡើងវិញនូវចំនុចខ្វះខាតនៃការអនុវត្ត ធ្វើអត្តសញ្ញាណពីតម្រូវការ រៀនសូត្រ ធ្វើផែនការ និង ការចូលរួមក្នុងសកម្មភាពសិក្សាផេ្សងៗដែលពាក់ព័ន្ឋ។

លក្ខខណ្ឌតម្រូវនិងស្តង់ដានៃការចុះបញ្ជីឡើងវិញ៖
ក. ស្តង់ដានៃការអនុវត្តវិជ្ជាជីវៈឆ្មប
ក.១ ឆ្មបជនជាតិខ្មែរ
ឆ្មបជនជាតិខ្មែរដែលអនុវត្តន៍វិជ្ជាជីវៈឆ្មបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត៥០០ម៉ោង ក្នុង១ឆ្នាំ ឬ ១,៥០០ម៉ោង ក្នុងរយៈពេល៣ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ។
ក.២ ឆ្មបបរទេស
ឆ្មបបរទេសដែលអនុវត្តន៍វិជ្ជាជីវៈឆ្មបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត៥០០ម៉ោង ក្នុងរយៈពេល១ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ និងបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងទៀតដែលកំណត់ក្នុងសេចក្តីសម្រេចស្តីពីការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីឆ្មប។

ប្រសិនបើឆ្មបមិនបានបំពេញតាមលក្ខខណ្ឌខាងលើនោះ ឆ្មបជនជាតិខែ្មរនិងបរទេសត្រូវៈ
• ចូលរួមវគ្គបណ្តុះបណ្តាលដែលអនុម័តដោយក្រសួងសុខាភិបាល ដើម្បីឲ្យឆ្មបអាចបំពេញតាមស្តង់ដានៃការអនុវត្តវិជ្ជាជីវៈឆ្មប ឬ
• អនុវត្តន៍ការងារស្ថិតក្រោមការអភិបាលដោយឆ្មបដែលបានចុះបញ្ជីក្នុងប្រភេទឆ្មបទូទៅក្នុងរយៈពេល៣ខែនិងទទួលបានលិខិតបញ្ជាក់សមត្ថភាពដើម្បីធានាថាមានចំណេះដឹង និងជំនាញថ្មីៗ និងអាចឆ្លើយតបទៅនឹងសមត្ថភាពស្នូល  និងក្រមសីលធម៌ឆ្មបដែលកំណត់ដោយគណៈឆ្មបកម្ពុជា។

ខ. ស្តង់ដានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត

ឆ្មបជនជាតិខែ្មរនិងបរទេសត្រូវៈ
• ទទួលបាននូវការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តយ៉ាងតិចបំផុត៤០ម៉ោងក្នុងរយៈពេល១ឆ្នាំឬ១២០ម៉ោងក្នុងរយៈពេលបីឆ្នាំដែលការសិក្សានោះទាក់ទងនឹងការងារដែលខ្លួនកំពុងអនុវត្តន៍។
• កត់ត្រានូវកំណត់ហេតុនៃការសិក្សារបស់ខ្លួន។ ការបំពេញកំណត់ត្រានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ខ្លួនដោយរួមបញ្ចូលនូវៈកាលបរិច្ឆេទនៃការសិក្សា   ព័ត៌មានង្ខេបស្តីពីខ្លឹមសារនៃការសិក្សារបស់ខ្លួន   លទ្ឋផល  និងចំនួនម៉ោងដែលបានសិក្សា។
• បំពេញពាក្យសុំចុះបញ្ជីឡើងវិញនិងប្រកាសថាខ្លួនបានបំពេញតាមស្តង់ដានៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
• ឆ្លើយតបតាមសំណើររបស់គណៈឆ្មបកម្ពុជាក្នុងការធ្វើសវនកម្មលើការបំពេញតាមស្តង់ដានិងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។

ប្រសិនបើអ្នកមិនអាចបំពេញតាមស្តង់ដានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនោះ
ឆ្មបមិនអាចចុះបញ្ជីឡើងវិញបានទេប្រសិនបើខ្លួនមិនអាចបំពេញតាមស្តង់ដានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះ។

តួនាទីរបស់គណៈឆ្មបកម្ពុជា
គណៈឆ្មបកម្ពុជានឹងតាមដានមើលលើសមត្ថភាពនៃការអនុវត្តការងាររបស់ឆ្មបនិងធ្វើសវនកម្មលើឆ្មបមួយចំនួនស្តីពីការបំពេញការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តជាទៀងទាត់។ គណៈឆ្មបកម្ពុជារក្សាសិទ្ធិរបស់ខ្លួនក្នុងការលើកលែងសម្រាប់ករណីផ្សេងៗគ្នា។

វិសាលភាពនៃការអនុវត្ត
ស្តង់ដានេះអនុវត្តលើសមាជិករបស់គណៈឆ្មបកម្ពុជាដែលកំពុងអនុវត្តការងារឆ្មបទាំងអស់និងបានចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជារួមមានៈ ឆ្មបអនុវត្តវិជ្ជាជីវៈឆ្មប គ្រូបង្រៀនឆ្មប អ្នកគ្រប់គ្រងឆ្មប អ្នកស្រាវជ្រាវការងារឆ្មបដែលការងារទាំងនោះមានឥទ្ធិពលលើការអនុវត្តន៍ការងារឆ្មប។ ស្តង់ដានេះមិនអនុវត្តទៅលើឆ្មបដែលចុះបញ្ជីក្នុងប្រភេទ​ឆ្មបមិនមាន​ជំនាញគ្លីនិក។ ឆ្មបមិនមានជំនាញគ្លីនិកត្រូវចុះបញ្ជីឡើងវិញប៉ុន្តែមិនតម្រូវឲ្យបំពេញតាមស្តង់ដារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តនោះទេ។

- ស្តង់ដាស្តីពីការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជាអាចទទួលបានដោយចុច បើកមើល - ទាញយក
- គោលការណ៍ណែនាំស្តីពីការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជាអាចទទួលបាន ដោយចុច បើកមើល - ទាញយក


ស្តង់ដានេះរំពឹងថានឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០១៤ តទៅ។ ឆ្មបគួរតែចាប់ផ្តើមកត់ត្រានូវរាល់សកម្មភាពនៃការសិក្សា ឬបណ្តុះបណ្តាលរបស់ខ្លួន។